Wednesday, September 4, 2013

IBEC ជួយ​សិស្ស​ជាង​១​សែននាក់​ក្នុង​ខេត្ត​៣

សិស្សមកពីសាលាគោលដៅធ្វើបទបង្ហាញអំពីរូបិយប័ណ្ណនៃបណ្តាប្រទេសអាស៊ានក្នុងសិក្ខាសាលារបស់គម្រោង IBECនៅភ្នំពេញ។ រូបថតអឿសាវីនអង្គការខេប

ភ្នំពេញៈគម្រោង​កែ​លម្អ​អប់រំ​កម្រិត​មូល​ដ្ឋាន​នៅ​កម្ពុជា (ឬ ​IBEC) ​ត្រូវ​បាន​ចាប់​ផ្តើម​នៅក្នុង​ឆ្នាំ​២០០៩ ស្រប​តាម​ការ​អភិវឌ្ឍ​គោល​នយោបាយ​បំណិន​ជីវិត​របស់​ក្រសួង​អប់រំ​នៅ​ឆ្នាំ​ ២០០៦ ដែល​នៅ​ពេល​នេះ​កម្មវិធី​បំណិន​ជីវិតដែល​ទទួល​ជំនួយ​សប្បុរសធម៌​ពី​ពលរដ្ឋ​ អាមេរិក​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ ​(​USAID​) បាន​ប្រតិ​បត្តិ​ការ​ដោយ​អង្គការ​អប់រំ​ពិភព​លោក​ (WE) សហ​ការ​ជាមួយ​អង្គ​ការ​សកម្ម​ភាព​សំរាប់​បឋម​សិក្សា​នៅ​កម្ពុជា​ (KAPE) ​អនុវត្ត​សាកល្បង​អន្តរាគមន៍​បែប​ច្នៃ​ប្រឌិត​ក្នុង​ការ​គាំ​ទ្រ​បង្កល​ ទ្ធភាព​និង​ពង្រឹង​គុណ​ភាព​អប់រំ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ជម្រុញ ឲ្យ​​កុមារ​ចូល​រៀនមក​ទល់​នឹង​ពេល​នេះ គម្រោង​នេះ​បាន​ជួយ​កុមារ​កម្ពុជា​ប្រមាណ​ជាង​១​សែន​នាក់​ស្ថិត​ក្នុង​ខេត្ត ​ចំនួន​៣។
លោក​អឿនសាវីនមន្ត្រី​ទំនាក់ទំនង​អង្គការKAPE​បាន​ឲ្យ​ដឹង​ថាគម្រោង​IBEC​ បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហរដ្ឋអាមេរិក​ដោយ​ចាប់ផ្តើម​នៅចុង​ឆ្នាំ​២០០៩ ផ្តោត​លើ​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៩ និង​ត្រូវ​បញ្ចប់​វិញ​នៅចុង​ឆ្នាំ​២០១៤ ដោយ​ប្រើ​ប្រាក់​គម្រោង​ប្រមាណ​ចំនួន​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។
លោក​បាន​បន្ត​ថា គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន ​៣ គឺ​ខេត្ត​កំពង់ចាម ក្រចេះ និង ​ខេត្ត ​សៀមរាប ដើម្បី​បង្ក​ភាព​ងាយស្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​ទាំងអស់​បាន​ចូល​រៀន និង​ត្រូវ​ឲ្យ​ពួកគេ​ទទួល​បាន​គុណភាព​នៃ​ការ​អប់រំ​កាន់​តែ​ប្រសើរ​ តាមកម្មវិធី​បំណិន​ជីវិត។
នៅក្នុង​សិក្ខាសាលា​មួយ​ស្តីអំពី​ការ​អនុវត្ត​ល្អរ​បស់គម្រោង​ IBEC លោកអឿ សាវីន បាន​និយាយ​ថា​៖ ​«​មក​ទល់​នឹង​ពេល​នេះ គម្រោង IBEC បាន​ជួយ​សិស្ស​ជាង​ ១ ​សែន​នាក់ នៅក្នុង​ខេត្ត​ចំនួន ​៣ គឺ ​សៀមរាប ក្រចេះ និង ​កំពង់ចាម។ គម្រោង IBEC ​បង្ក​ឲ្យ​មាន​កម្ម​វិធី​បំណិន​ជីវិត​ជួយ​បន្ថែម​ទៅ​លើ​កម្ម​វិធី​សិក្សា​ មាន​ស្រាប់​របស់​ក្រសួង កម្ម​វិធី​អាហា​រូបករណ៍​ សម្រាប់​សិស្សក្រីក្រ​ កម្ម​វិធី​បណ្តុះ​បណ្តាល​បច្ចេក​ទេស​គ្រូ​កុមារ​មេត្រី​ ការ​គ្រប់គ្រង​រដ្ឋបាល​សាលា​រៀន ​និង​ភាព​ជាអ្នក​ដឹកនាំ​ និង​ការ​ចូល​រួម​ពី​សហ​គមន៍ការ​បង្កើត​សៀវភៅ​បំណិន​ជីវិត​ចំនួន​ ៣០ ​មុខ​ជួយ​ដល់​ក្រសួង​អប់រំ ជាដើម»។



លោក​បាន​បន្ត​ថា​៖​«​គម្រោង​នេះ​ ដើម្បី​ជួយ​ជំរុញ​វិស័យ​អប់រំ​នៅ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អភិវឌ្ឍ ​បាន​ឆាប់រហ័ស ជាក់ស្តែង​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​កម្មវិធី​បំណិន​ជីវិត​ដោយ​ផ្តោត​សំខាន់​លើ​សាលាបឋម​និង​មធ្យមសិក្សា​ដែល​ កម្មវិធី​នេះ​បាន​ផ្តល់​លទ្ធភាព​ឲ្យ​កូនសិស្ស​ចេះ​ចំណេះដឹង​ទូទៅ​ផង និង​ចេះ​បំណិនជីវិត​ផង​ដូចជា ​នៅ​ពេល​កំពុង​រៀន​ពួកគេ​អាច​ចេះ​ ជំនាញ​កុំព្យូទ័រ​ ការ​ពិសោធ​វិទ្យាសាស្ត្រ ​កាត់​ដេរ ​កាត់​សក់ ជួស​ជុល​កង់ ម៉ូតូ ការ​ចិញ្ចឹម​មាន់ ​ត្រី ដាំ​បន្លែ បណ្តុះ​ផ្សិត ​​វិធីធ្វើ​ម្ហូប ​ជាដើម​»។
តាមរយៈ​របាយការណ៍​ក្រសួងនិង​អង្គការ​ជាតិនិង​អន្តរជាតិ​នានា​បាន​ឲ្យ​ដឹង ​ថា បញ្ហា​ការ​ចូលរៀន​របស់​កុមារនិង​ការ​បោះបង់​សាលារៀន​នៅ​តែ​ជា​ក្តី​កង្វល់។ ប៉ុន្តែ​តាមរយៈ​ការ​អនុវត្ត​លើ​គម្រោង​កែលម្អ​អប់រំ​មូលដ្ឋាន​កម្រិត​ មូលដ្ឋាន​នៅ​កម្ពុជាពិសេស​កម្មវិធី​បំណិន​ជីវិត​នៅក្នុង​ខេត្ត​ចំនួន ​៣ ​បាន​ឲ្យ​ដឹង​ថា គម្រោង​ទទួល​បាន​ជោគជ័យ​ ៩០ ​ភាគរយ។
លោក ហ៊ិន ស៊ីហួន ប្រធាន​អង្គការ KAPE ដែល​មាន​ការិយាល័យ​ធំ​នៅ​ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា នៅក្នុង​ខេត្តកំពង់ចាម​ ជា​ខេត្ត​មួយ​ដែល​មាន​ប្រជាជន​ច្រើន ហើយ​បញ្ហា​ពលកម្ម​លើ​កុមារ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក៏​មាន​ច្រើន​ដែរ ក្នុង​នោះ​មាន​ពលកម្ម​ក្នុង​ចម្ការ​កៅស៊ូ ចម្ការ​ដំឡូង រោងចក្រ និង ​ចម្ការ​ថ្នាំ ​ជាដើម។ បញ្ហា​ទាំងនោះ​ជា​ការ​ដាក់​គម្លាត​ឲ្យ​កុមារ​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​សិក្សា។
លោក​មាន​ប្រសាសន៍​ថា​៖​«​បញ្ហា​គ្រួសារ​ធ្វើឲ្យ​កុមារ​មួយ​ចំនួន​ដែលមាន​ វ័យបំពេញពលកម្ម​ត្រូវ​គេ​អូសទាញ​ទៅ​ប្រើ​ជា​កម្លាំង​ដើម្បី​រក​ប្រាក់​»។
លោក​បាន​បន្ត​ថា​៖ ​«​ការ​អូសទាញ​[ត្រឡប់​មក​រៀន​វិញ]​ពួកយើង​ពិតជា​ជួប​ការ​លំបាក តែ​យើង​បាន​ធ្វើការ​ជា​ប្រព័ន្ធ​ដោយ​សហការ​ជាមួយ​ភូមិ​ឃុំ​ដើម្បី​ ផ្សព្វផ្សាយ​រឿង​នេះ។ តែ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ពិបាក​ខ្លាំងគឺ​យើង​នឹង​មាន​ការ​ផ្តល់​ អាហារូបករណ៍ និង​ការ​ឧបត្ថម្ភ​ជា​អាហារ​ពេល​ព្រឹក​ជាដើម​»។
លោក​បាន​បញ្ជាក់​ថា​៖ ​«​ក្រោយ​ពេល​យើង​រៀបចំ​ផ្តល់​អាហារូបករណ៍ និង​អនុវត្តកម្មវិធី​បំណិនជីវិត​ឲ្យ​ពួកគេ​ធ្វើឲ្យ​យើង​អាច​កាត់បន្ថយ​ការ​ បោះបង់​ចោល​ការ​សិក្សា​បាន​ច្រើន ហើយ​យើង​អាច​ប្រមូល​កុមារ​ឲ្យ​មក​ចូល​រៀន​បាន​ប្រមាណ​៩០​ភាគរយ​»។
គួរ​បញ្ជាក់​ថា ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រមូល​កុមារ​ចូល​រៀន​បាន​ទាំងអស់​គ្នា​គម្រោង​កែលម្អ ​អប់រំ​កម្រិត​មូលដ្ឋាន​នៅ​កម្ពុជា បាន​ផ្តល់​អាហារូបករណ៍​និង​បណ្តុះបណ្តាល​ដល់​គ្រូ​ដែល​ស្ថិត​ក្នុង​តំបន់​ ដាច់ស្រយាល​នោះ​បាន​ចំនួន​៣៦០​នាក់ និង​បាន​ចងក្រង​ឯកសារ​បំណិនជីវិត​ចំនួន​៣០​មុខ​វិជ្ជា៕

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment